(១).មនុស្សយើងតែងតែមានកង្វះខាតគ្រប់ៗគ្នា ដូច្នេះ មនុស្សមិនគួរប្រកាន់គ្នាពេកទេ ។
(២).កង្វះខាតរបស់អ្នកតូច គឺត្រង់ដែលមិនចេះបន្ទន់ឥរិយាបថ………………… (៣).កង្វះខាតរបស់អ្នកធំ គឺត្រង់ដែលមើលងាយអ្នកតូច……………………. (៤).កង្វះខាតរបស់អ្នកក្រ គឺត្រង់ដែលខ្ជិលក្នុងកិច្ចការ……………….. (៥).កង្វះខាតរបស់អ្នកមាន គឺមើលងាយអ្នកក្រ………………… (៦).មនុស្សដែលអាចមើលងាយគេបាន ទាល់តែខ្លួនមានអ្វីមួយលើសគេ នេះជាធម៌មានៈ ។ (៧).មនុស្សដែលត្រូវគេមើលងាយ ក៏មកពីខ្លួនជាមនុស្សងាយឳ្យគេមើលដែរ ។ (៨).ពិភពលោកនេះ គ្មានអ្នកណាម្ចាក់ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខទេ ។ មាសប្រាក់ ឬកិត្តិយស…ដែលកំពុងមាន គ្រាន់តែជារបស់មកលងអារម្មណ៍ឳ្យត្រេកអរមួយខ្ញាកៗ ហើយក៏បាត់ទៅវិញទាំងអស់ ។ មនុស្សដ៏ច្រើន កំពុងតែបង្អូតគ្នា ព្រោះតែរបស់ ទាំងនេះ……………..។ (៩).អត្តាហិ អត្តនោ នាថោ, តើបុគ្គលបែបណា ទើបអាចដើរតាមពុទ្ធភាសិតនេះបានពិតប្រាកដ? គឺទាល់តែបុគ្គលណា ដែលមាសប្រាក់ ឬកិត្តិយសជាដើមនោះ មិនអាចគ្របសង្កាត់បាន គឺមិនញាប់ញ័រដោយរបស់ខាងក្រៅទាំងអស់ ។ ដូច្នេះធម៌នេះជាសាធារណៈដល់មនុស្សគ្រប់វណ្ណៈ ។ (១០).ចង់ទិញរបស់អ្វីមួយ មិនថាយើងមានលុយប៉ុន្មានទេ សំខាន់ត្រង់ថា តើម្ចាស់របស់ព្រមលក់ឬអត់។ ដូច្នេះ អ្នកក្រមួយចំនួន ក៏អាចមានរបស់ដែលអ្នកមានទិញមិនបានដែរ ។ (១១).នៅពេលដែលហ្វូងបក្សីនាំគ្នាហើរចូលទៅរកដើមឈើ មិនប្រាកដថាវាស្រលាញ់ដើមឈើនោះទេ ជួនកាលវាអាចនឹងស្រឡាញ់ផ្កា ផ្លែ ឬម្លប់របស់វាជាង ។ យ៉ាងណាមិញ នៅពេលដែលមនុស្សនាំគ្នាមករកយើង ក៏មិនប្រាកដ ថាគេស្រឡាញ់យើងគ្រប់គ្នាដែរ គេអាចនឹងសម្លឹងឃើញអ្វីម្យ៉ាងទៀតពីយើង ព្រោះហេតុដូច្នោះ អ្នកដែលទទួលបាននូវការគោរពពីអ្នកដទៃ មិនគួរមានមោទនភាពហួសហេតុពេកទេ តែក៏មិនគួរមើលងាយមើលថោកអ្នកដែលចូលមករកយើងដែរ ។ (១២).មាសប្រាក់ យសសកិ្ត…អាចមានឥទ្ធពលតែលើបុគ្គលណាដែលត្រូវការវាប៉ុណ្ណោះ ។ (១៣).ដុំដីដែលមិនទាន់ចេញពីដៃអ្នកគ្រវែង គេមិនអាចនឹងប៉ាន់ស្មានចំងាយត្រូវទេ យ៉ាងណាមិញ មនុស្សយើងក៏មិនអាចប៉ាន់ស្មានអនាគតរបស់អ្នកដទៃបានដែរ ។ (១៤).ដើមផ្កាដ៏តូចមួយដែលដុះក្នុងព្រៃ បើប្រៀបទៅនឹងដើមឈើធំៗ វាគ្មានន័យអ្វីទេ ប៉ុន្តែបើគេយកមកធ្វើជាសួនច្បារពិតជាក្លាយ ទៅជារបស់គួរស្រឡាញ់រាប់អានរបស់មនុស្សទាំងឡាយ យ៉ាងណាមិញ ជាតិជាមនុស្ស ទោះកើតក្នុងវណ្ណៈក្រីក្រតោកយ៉ាកយ៉ាងណា បើចេះកែរច្នៃដំណើរជីវិត ពិតជាល្អជាងផ្កាក្នុងសួនទៅទៀត ។ ព្រោះផ្កាលំអរតែភ្នែក ចំណែកមនុស្សល្អ គេស្រឡាញ់ផងគោរពផង ។ (១៥).សម្រាប់ខ្ញុំ ខ្ញុំពេញចិត្តនឹងខ្លួនឯងកើតជាកូនអ្នកក្រ ព្រោះយ៉ាងហោចណាស់ ក៏ខ្ញុំស្គាល់ទុក្ខលំបាករបស់អ្នកក្រដែរ ។ ម្យ៉ាងទៀត ការបានកើតជាកូនអ្នកក្រ គឺជាការផ្តល់ឳកាសឪ្យខ្ញុំបានតស៊ូក្នុងជីវិតយ៉ាងពិតប្រាកដ ដឹងច្បាស់ផ្លូវណាជោគជ័យ ផ្លូវណាបរាជ័យ ហើយផ្លូវដែលធ្លាប់ដើរកន្លងមក សុទ្ធតែក្លាយជាបទពិសោធន៍សម្រាប់ជីវិត។ ថ្ងៃ ២ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ (គ.ស ២០១២) វត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ប្រទេសកម្ពុជា ។ វជិរប្បញ្ញោ ស.ស.ជ
|
បានទស្សនា៖ 996 ដង