សម្តេច ព្រះនរោត្តម សីហនុ
គឺជាឥស្សរជនលេចធ្លោបំផុត
ក្នុងឆាកនយោបាយកម្ពុជា
ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ប្រសូត្រនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបានសិក្សានៅសាលាបារាំង នៅភ្នំពេញ ហើយបន្ទាប់មក នៅវិទ្យាល័យបារាំង នៅព្រៃនគរ មុននឹងត្រូវបារាំង ដែលជាមហាអំណាចអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យឡើងគ្រងរាជ្យ នៅខែមេសា ឆ្នាំ១៩៤១ បន្តពីព្រះបាទមុនីវង្ស ដែលចូលទិវង្គត។ នៅពេលនោះ ព្រះបាទព្រះនរោត្តម សីហនុ ទើបនឹងព្រះជន្មតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។
មានមតិជាច្រើនយល់ថា ការដែលបារាំងជ្រើសរើសព្រះបាទនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត បែបនេះ គឺដោយសារតែបារាំងគិតថា ព្រះអង្គ ជាព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ បើសិនជាបែបនេះមែន បារាំង គឺពិតជាយល់ខុស ហើយប្រាកដជាខកចិត្តមិនតិចទេ ពីព្រោះថា ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយ ដែលក្រោយពីបានឡើងគ្រងរាជ្យ បានតស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ១៩៥៣។
ពីរឆ្នាំក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយទទួលងារជា “សម្តេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្តេចព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូត ជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។
ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ រំលាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ដោយមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឲ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយ ចូលកាន់តំណែងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋាភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់វៀតណាម នៅកម្ពុជា។ សម្តេចព្រះនរោត្តម សីហនុ ក៏បានបង្កើតចលនាតស៊ូមួយផ្ទាល់របស់ព្រះអង្គដែរ គឺរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ដែលហៅកាត់តាមភាសាបារាំងថា FUNCINPEC។
ក្រោយពីវៀតណាមដកទ័ពចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ សម្តេចព្រះនរោត្តម សីហនុ បានលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជា ប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ១៩៩១ ដើម្បីទៅធ្វើជាប្រធាន “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់” ដើរតួជាអ្នកសម្របសម្រួលក្នុងការចរចា រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ដែលរួមមាន ចលនារាជានិយមហ្វ៊ុនស៊ិនប៉ិច, ចលនាខ្មែរក្រហម, រណសិរ្សរបស់លោកតាសឺន សាន និងភាគីរដ្ឋកម្ពុជា (អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា)។
ការចរចានេះបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នោះ ក៏បានយាងចូលមកក្នុងប្រទេសកម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរយ៉ាងឱឡារិក ក្រុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។
ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ៣៨ឆ្នាំ ក្រោយពីបានដាក់រាជ្យ សម្តេចព្រះនរោត្តម សីហនុ ក៏បានឡើងគ្រងរាជ្យជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ “ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច”។
១១ឆ្នាំក្រោយការឡើងគ្រងរាជ្យនេះ សម្តេចព្រះនរោត្តម សីហនុ ក៏បានប្រកាសដាក់រាជ្យជាលើកទី២ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយចាប់ពីពេលនោះមក ព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅក្រៅប្រទេស ជាពិសេស គឺដើម្បីព្យាបាលជំងឺ នៅទីក្រុងប៉េកាំង ដែលជាហេតុធ្វើឲ្យព្រះអង្គបាត់ព្រះភ័ក្រ្ត ឃ្លាតព្រះកាយ ពីទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់ប្រជារាស្រ្តកម្ពុជាជាទូទៅ សម្តេចព្រះនរោត្តម សីហនុ នៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ និងជាបិតាឯករាជ្យជាតិជាប់ជានិច្ច៕
ប្រភព៖ http://www.khmer.rfi.fr/biography-of-norodom-sihanouk
បានទស្សនា៖ 1148 ដង